logo logo
banner1
ទំព័រដើម / ទ្វីបអាស៊ី / ប្រទេស IRAN (ISLAMIC REPUBLIC OF) / មើលលម្អិត
សភាអ៊ីរ៉ង់អនុម័តយល់ព្រមលើសេចក្តីព្រាងច្បាប់ស្តីពី ការបង្កើតក្រសួងពាណិជ្ជកម្ម
 

សភាអ៊ីរ៉ង់អនុម័តយល់ព្រមលើសេចក្តីព្រាងច្បាប់ស្តីពី ការបង្កើតក្រសួងពាណិជ្ជកម្ម

រដ្ឋធានីតេហេរ៉ង់៖ កាលពីថ្ងៃអាទិត្យ ទី១៦ ខែកក្កដា ឆ្នាំ២០២៣ សភានៃសាធារណរដ្ឋឥស្លាមអ៊ីរ៉ង់ បានអនុម័តយល់ព្រមលើសេចក្តីព្រាងច្បាប់ស្តីពី ការបង្កើតក្រសួង​ពាណិជ្ជកម្មដាច់ដោយឡែក​ជាង​មួយទសវត្សរ៍ បន្ទាប់ពីប្រទេសនេះ បានសម្រេចធ្វើសមាហរណកម្មលើសកម្មភាពឧស្សាហកម្ម និង​ពាណិជ្ជកម្មរបស់ខ្លួនក្នុងក្រសួង​តែមួយ​របស់រដ្ឋ។ ក្នុងអំឡុងពេលបើកសម័យប្រជុំ កាលពីថ្ងៃអាទិត្យ ទី១៦ ខែកក្កដា ឆ្នាំ២០២៣ សមាជិកសភាអ៊ីរ៉ង់  បានអនុម័តយល់ព្រមលើសេចក្តីព្រាងច្បាប់មួយ ដែលត្រូវបាន​ដាក់ស្នើភ្ជាប់ជាមួយក្រឹត្យបន្ទាន់ ២ ស្តីពី ការបង្កើតក្រសួងពាណិជ្ជកម្មនេះ។ ក្នុងចំណោមសមាជិកសភា ២៣៨ រូប ដែលមានវត្តមានក្នុង​សម័យ​ប្រជុំបោះឆ្នោតនោះ សមាជិក​សភាប្រហែល ១២៩ រូប បានបោះឆ្នោតគាំទ្រសេចក្តីព្រាងច្បាប់នេះ​ និង ១០១ រូប បោះឆ្នោតជំទាស់ និង ៤ ​រូប ទៀតអនុបវាទ។ ក្រសួងឧស្សាហកម្ម រ៉ែ និងពាណិជ្ជកម្ម មានភារកិច្ចទទួលខុសត្រូវលើទំនាក់ទំនងពាណិជ្ជកម្មរបស់អ៊ីរ៉ង់ ជាមួយប្រទេសនានា នៅលើពិភពលោក ចាប់តាំងពីឆ្នាំ២០១១ ពេលដែលប្រទេសនេះ បានរំលាយ​អតីត​ក្រសួងពាណិជ្ជកម្មរបស់ខ្លួនមក។ ទូរទស្សន៍ Press TV បានរាយការណ៍ថា ទោះបីជាយ៉ាងនេះក្តី ក្រុមអ្នក​រិះគន់ការបំបែកក្រសួងនេះ បានជជែកគ្នាអស់រយៈពេលជាច្រើនឆ្នាំ ដែលថាការសម្រេចនេះ បាននាំឱ្យមាន​បញ្ហាជាច្រើនក្នុងសកម្មភាពពាណិជ្ជកម្មរបស់អ៊ីរ៉ង់ ជាពិសេស ពាក់ព័ន្ធនឹងទំនិញ​ចាំបាច់មួយ​ចំនួន។ សមាជិកសភា ១ រូប ដែលគាំទ្រសេចក្តីព្រាងច្បាប់ស្តីពី ការបង្កើតក្រសួងពាណិជ្ជកម្មនេះ បានថ្លែងថា អ៊ីរ៉ង់ បានកំពុងចំណាយថវិកាមិនប្រក្រតីលើការនាំចូលជាក់ស្តែង ដោយសារខ្វះការសម្របស្រួលរវាងក្រសួង​ឧស្សាហកម្ម និងក្រសួងកសិកម្ម ដែលមានភារកិច្ចទទួលខុសត្រូវលើការនាំចូលគ្រាប់ធញ្ញជាតិ និង​ចំណីសត្វ។ «ការពិតដែលថា យើងចំណាយថវិកា ៦.៩ ពាន់លានដុល្លារសហរដ្ឋអាមេរិកសម្រាប់ការនាំចូល​ទំនិញ​ពី​ប្រទេសតួកគីនោះ គឺដោយសារយើងគ្មានក្រសួងពាណិជ្ជកម្ម» ការថ្លែងរបស់លោ​ក Fathollah Tavassoli នេះ បានធ្វើឡើង ខណៈពេលដែលលោកបានលើកឡើងអំពីការនាំចូលទំនិញរបស់អ៊ីរ៉ង់ពីប្រទេសតួកគី រយៈពេលពេញ ១ ឆ្នាំ រហូតដល់ចុងខែមីនា ឆ្នាំ២០២៣។ ទោះបីជាយ៉ាងនេះក្តី  ក្រុមអ្នករិះគន់សេចក្តីព្រាងច្បាប់នេះ បានអះអាងក្នុងកិច្ចប្រជុំពិភាក្សាក្នុងសភា កាលពីពីថ្ងៃសៅរិ៍ ទី១៥ ខែកក្កដា ឆ្នាំ២០២៣ ថា ការបង្កើត​ក្រសួង​​ពាណិជ្ជកម្មដាច់ដោយឡែកនេះ គ្រាន់តែជាការដឹកនាំឆ្ពោះទៅរកការបង្កើនការនាំចូលកាន់តែច្រើនរបស់អ៊ីរ៉ង់ និងជួយដល់​ផែនការ​ជំរុញ​ការនាំចេញទំនិញពី​ប្រទេស​តួកគី តែប៉ុណ្ណោះ…៕ http://ព័ត៌មានសភាទ្វីបអាស៊ី ១៨-០៧-២៣-កែវ ធាវី ប្រែសម្រួលពី៖ https://www.tasnimnews.com/en/news/2023/07/17/2926856/iran-s-parliament-approves-bill-to-set-up-commerce-ministry


អត្ថបទពាក់ព័ន្ធ៖

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`