logo logo
banner1
ទំព័រដើម / ទ្វីបអឺរ៉ុប / ប្រទេស HUNGARY / មើលលម្អិត
រដ្ឋមន្រ្តីយុត្តិធម៌ហុងគ្រី៖ រដ្ឋាភិបាលបញ្ជូនសេចក្តីព្រាងច្បាប់ស្តីពីប្រព័ន្ធយុត្តិធម៌ ទៅកាន់សភា ដើម្បីទទួលបានថវិកាជំនួយពីសហភាពអឺរ៉ុប
 

លោកស្រី Judit Varga រដ្ឋមន្រ្តីក្រសួងយុត្តិធម៌នៃប្រទេសហុងគ្រី

រដ្ឋធានីប៊ុយដាប៉ែស៖  លោកស្រី Judit Varga រដ្ឋមន្រ្តីក្រសួងយុត្តិធម៌នៃប្រទេសហុងគ្រីបានបង្ហោះសារក្នុង​បណ្តាញសង្គម​ហ្វេសប៊ុកផ្លូវការរបស់លោកស្រីថា ក្រោយបញ្ចប់​កិច្ចពិភាក្សាជាមួយគណៈកម្មការអឺរ៉ុប រដ្ឋាភិបាលនឹងបញ្ជូនសេចក្តីព្រាងច្បាប់កំណែទម្រង់ប្រព័ន្ធយុត្តិធម៌ដ៏សំខាន់មួយទៅកាន់សភា ដែលជាផ្នែក​មួយនៃកិច្ចខិតខំប្រឹងប្រែង​របស់ខ្លួន ដើម្បីទទួលបានថវិកាជំនួយពីសហភាពអឺរ៉ុបដែលថវិកាជំនួយនេះ ត្រូវបានសហភាពអឺរ៉ុបព្យួរនាពេលកន្លងមក។ យើងទទួលបានភ្លើងបៃតងពីទីក្រុងព្រុចស៊ែល ដោយផ្អែកលើព័ត៌មានដែលយើងទទួលបានពីលោក Didier Reynders ស្នងការអឺរ៉ុបទទួលបន្ទុកវិស័យយុត្តិធម៌ ដូច្នឹង​រដ្ឋាភិបាល​នឹងបញ្ជូនសេចក្តីព្រាងច្បាប់​ខាងលើ​ទៅកាន់សភា​ក្នុងពេលនេះ។ ហុងគ្រីអាចនឹងទទួលបានទឹកប្រាក់ប្រមាណ ៥.៨ពាន់លាន  អឺរ៉ូ ជាជំនួយឥត​សំណង និង​ទឹកប្រាក់បន្ថែម ៩.៦ពាន់លានអឺរ៉ូ ជាកម្ចីការប្រាក់ទាបពីសហភាពអឺរ៉ុប ប៉ុន្តែប្លុកអឺរ៉ុបបានព្យួរ​រាល់ការទូទាត់ណាមួយ រហូតទាល់តែរដ្ឋាភិបាលទីក្រុងប៊ុយដាប៉ែសអនុវត្តន៍​កំណែទម្រង់ ដើម្បីកែលម្អ​ឯករាជ្យភាពតុលាការ និងដោះស្រាយអំពើពុករលួយ។ កញ្ចប់ប្រព័ន្ធយុត្តិធម៌ ត្រូវបានចាត់​ទុកថាជាចំណុច​ដ៏សំខាន់មួយនៅក្នុងនីតិវិធី​ដើម្បីទទួល​បាន​ថវិកាពីសហភាពអឺរ៉ុប ដែលហុងគ្រីត្រូវការ ជាចាំបាច់ក្នុងពេល​ដែលសេដ្ឋកិច្ចជាតិរបស់ខ្លួននៅទ្រឹង ហើយអតិផរណាឡើងខ្ពស់ដល់ ២៥%។ ហុងគ្រី និងប៉ូឡូញគឺជាសមាជិកសហភាពអឺរ៉ុបតែ២ប៉ុណ្ណោះ ដែលយឺតយ៉ាវក្នុងការទទួលបានថវិកាពី​សហភាព​អឺរ៉ុប នៅចំពេលដែលមានការរិះគន់ជាយូរមកហើយពី​គណៈកម្មការអឺរ៉ុបថា រដ្ឋាភិបាលស្តាំនិយម​នៃ​ប្រទេសទាំងពីរ កំពុងតែបំផ្លាញប្រជាធិបតេយ្យ និងនីតិរដ្ឋ។ កាលពីខែកុម្ភៈ ឆ្នាំ២០២៣ អ្នកចរចារ​បស់​ហុងគ្រីជាមួយ​សហភាព​អឺរ៉ុបបានថ្លែងថា ការដោះស្រាយបញ្ហាដែលនៅសេសសល់ជាមួយ ទីក្រុងព្រុចស៊ែល​ពាក់ព័ន្ធនឹងកំណែទម្រង់ប្រជាធិបតេយ្យ ដើម្បីទទួលបានថវិកាពីសហភាពអឺរ៉ុប អាចនឹងបន្តរហូតដល់​រដូវ​ក្តៅខាងមុខ។ ស្ថិតនៅក្នុងអំណាចជាង ១ទសវត្សរ៍ លោក Viktor Orban នាយករដ្ឋមន្រ្តីហុងគ្រីមានជម្លោះយ៉ាងល្វីង​ជូរចត់​​​ជាច្រើន​ជាមួយ​សហភាពអឺរ៉ុប និងអង្គនីតិប្រតិបត្តិរបស់​សហភាព​អឺរ៉ុប គឺគណៈកម្មការអឺរ៉ុប​ពាក់ព័ន្ធ​នឹងការរឹតបន្តឹងរបស់រដ្ឋាភិបាលទីក្រុងប៊ុយដាប៉ែសលើសិទ្ធិរបស់ជនទេសន្តរប្រវេសន៍ ក៏ដូចជា រឹតបន្តឹង​ការត្រួតពិនិត្យពីរដ្ឋលើ​អង្គការក្រៅរដ្ឋាភិបាលក្រុមបញ្ញវន្ត និងវិស័យតុលាការ។ល៕ http://ព័ត៌មានសភាទ្វីបអឺរ៉ុប ២៨-០៤-២៣- ឈាវ សុផាត ប្រែសម្រួលពី៖ https://kdal610.com/2023/04/27/hungary-govt-to-submit-judicial-bill-to-parliament-to-unlock-eu-funds-minister/


អត្ថបទពាក់ព័ន្ធ៖

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`