logo logo
banner1
ទំព័រដើម / ទ្វីបអឺរ៉ុប / ប្រទេស GREECE / មើលលម្អិត
សមាជិកសភាក្រិក ៣០០រូប ធ្វើសច្ចាប្រណិធានចូលកាន់តំណែង
 

សមាជិកសភានៃសាធារណរដ្ឋក្រិក លើកដៃសច្ចាប្រណិធានស្បថចូលកាន់តំណែង

សមាជិកសភានៃសាធារណរដ្ឋក្រិកដែលទើបបានជាប់ឆ្នោត ក្នុងការ​បោះឆ្នោតសកលកាលពីថ្ងៃទី ២៥ ខែមិថុនា ឆ្នាំ២០២៣ បានស្បថចូល​កាន់​តំណែង កាលពីថ្ងៃចន្ទ ទី០៣ ខែកក្កដា ឆ្នាំ២០២៣ ក្នុងពិធី​បើក​សម័យប្រជុំដំបូងនាវេលាម៉ោង ១១៖០០នាទីព្រឹក និងក្រោមវត្តមាន​របស់​លោកស្រី Katerina Sakellaro​poulou ប្រធានាធិបតីក្រិក។ លោក Nikitas Kaklamanis​ ដែលជាអនុ​ប្រធានទី១ នៃសភានីតិកាលមុនបាន​ធ្វើ​ជាអធិបតីនៃពិធីខាងលើ។ បន្ទាប់ពីស្បថចូលកាន់តំណែងរួច សមាជិកសភាទាំងអស់បានចុះហត្ថលេខាលើពិធីសារពាក់ព័ន្ធ នឹងការ​ស្បថ​ចូលកាន់តំណែង និងទទួលបាន​នូវឯកសារមួយសម្រាប់ក្នុងនោះ រួមទាំង ច្បាប់រដ្ឋធម្មនុញ្ញ និងបទបញ្ជា​ផ្ទៃក្នុង​សភាផងដែរ។ សភានីតិកាលថ្មីនឹងកោះប្រជុំនៅថ្ងៃអង្គារនេះ ដើម្បី​បោះឆ្នោតជ្រើសតាំងប្រធានសភាថ្មី និងគណៈកម្មាធិការអចិន្រ្តៃយ៍ ផ្អែកតាមសំណើរបស់ក្រុមសមាជិកសភា។  លោក Kaklamanis នឹងធ្វើជា​អធិបតីជាថ្មីម្តងទៀត នៃការចាប់ផ្តើមសម័យ​ប្រជុំសភា ប្រកាសបេក្ខភាពប្រធាន សភា ដែលស្នើឡើងដោយ​ក្រុម​សមាជិកសភា ហើយការ​បោះឆ្នោត​នឹងធ្វើឡើងដោយការហៅឈ្មោះ(roll- call)។ គណបក្សប្រជាធិប​តេយ្យ​ថ្មីបានស្នើប្រធានសភានីតិកាលមុន លោក Konstantinos Tasoulas ជា​បេក្ខភាពប្រធានសភាថ្មី។ នៅក្នុងការបោះឆ្នោតជុំទី១ បេក្ខជនដែលទទួលជ័យជម្នះត្រូវតែទទួលបានសំឡេងភាគច្រើនដាច់ខាតនៃ​សំឡេង​ឆ្នោត​យ៉ាងហោចណាស់ ១៥១​សំឡេង​។ បើមិនដូច្នោះទេ ការបោះឆ្នោតជុំទី២នឹងត្រូវបានធ្វើឡើង ហើយបេក្ខជនដែលទទួលបានសំឡេងឆ្នោតច្រើនជាងគេនឹងត្រូវបានជ្រើសតាំង​ជាប្រធានសភា នីតិកាលថ្មី។ សម្រាប់ការពិភាក្សាដេញដោលរយៈពេល ៣ថ្ងៃ ស្តីពីគោលនយោបាយរបស់រដ្ឋាភិបាលថ្មីរបស់លោក Kyriakos Mitsotakis នឹងចាប់ផ្តើមធ្វើឡើងនៅថ្ងៃព្រហស្បតិ៍ ទី០៦ ខែកក្កដា ឆ្នាំ២០២៣ ហើយនៅ​ថ្ងៃសៅរ៍ ទី០៨ ខែកក្កដា ឆ្នាំ២០២៣ លោក Mitsotakis នឹងស្នើសុំសភាបោះឆ្នោតផ្តល់សេចក្តីទុកចិត្តលើ​រដ្ឋាភិបាលថ្មីរបស់លោក។ លោក Mitsotakis នឹងចាប់ផ្តើមកិច្ចពិភាក្សាដេញដោល និងជាបន្តបន្ទាប់មក គឺសមាជិករដ្ឋាភិបាលថ្មី ប្រធាន​ក្រុមសមាជិកសភា អ្នកនាំពាក្យសភា និងសមាជិកសភាមកពីគ្រប់គណបក្សទាំងអស់៕ http://ព័ត៌មានសភាទ្វីបអឺរ៉ុប ០៤-០៧-២៣- ឈាវ សុផាត ប្រែសម្រួលពី៖ https://greekcitytimes.com/2023/07/03/greek-parliament-300-mps-sworn/


អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`