logo logo
banner1
ទំព័រដើម / ទ្វីបអឺរ៉ុប / ប្រទេស GREECE / មើលលម្អិត
ក្រិកហាមឃាត់ គណបក្សនយោបាយដែលមានមេដឹកនាំជាទណ្ឌិត ឈរឈ្មោះបោះឆ្នោតជ្រើសតាំងសមាជិកសភា
 

ទិដ្ឋភាពទូទៅក្នុងសម័យប្រជុំសភានៃសាធារណរដ្ឋក្រិក

សភានៃសាធារណរដ្ឋក្រិកបានត្រួសត្រាយផ្លូវ ដើម្បីហាមឃាត់គណបក្សនយោបាយទាំងឡាយ ណាដែលមានមេដឹកនាំជាទណ្ឌិត ពីការឈរឈ្មោះបោះឆ្នោត នៅមុនការបោះឆ្នោតជ្រើសតាំងសមាជិក សភាដែលនឹងធ្វើឡើងនា(និទាឃរដូវ)រដូវផ្ការីក ឆ្នាំ២០២៣។ សមាជិកសភាក្រិកបានបោះឆ្នោតគាំទ្រលើវិសោធនកម្មមួយដើម្បីរារាំងគណបក្សនយោបាយ ដូចជា គណបក្ស Golden Dawn ជាដើម ជាគណបក្សស្តាំនិយមមួយជ្រុលដែលធ្លាប់ជាកម្លាំងនយោបាយដ៏ធំជាងគេលំដាប់ទី៣ នៅក្នុងប្រទេសក្រិក ពីការឈរឈ្មោះជាបេក្ខជន បន្ទាប់ពីគណបក្សនេះកាលពីឆ្នាំ២០២០ ត្រូវបានតុលាការចេញដីកាសម្រេចប្រកាសថា ជាឧក្រិដ្ឋជនពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មបង្កការស្អប់ ខ្ពើម។ ការបោះឆ្នោតគាំទ្រវិសោធនកម្មខាងលើ ក៏ប៉ះពាល់ផងដែរដល់គណបក្សតូចៗដូចជា គណបក្ស ស្តាំនិយមជ្រុល Ellhnes ឬ Ellines ដែលសហស្ថាបនិកដោយលោក Ilias Kasidiaris ដែលជាអតីតសមាជិកសភា និងជាអតីតអ្នកនាំពាក្យគណបក្ស Golden Dawn ដែលត្រូវផ្តន្ទាទោសជាប់ពន្ធនាគារ ១៣ឆ្នាំ ក្នុងឆ្នាំ២០២០។ វិសោធនកម្មខាងលើ ដែលបញ្ជូនមកសភាដោយរដ្ឋាភិបាលគណបក្សអភិរក្ស ទទួលបានការអនុម័តដោយសំឡេងភាគច្រើនពីសមាជិកសភា នៅក្នុងសភាក្រិកដែលមាន ៣០០អាសនៈ។ លោក  Kyria kos Mitsotakis នាយករដ្ឋមន្រ្តីក្រិកបានថ្លែងនៅមុនពេលបោះឆ្នោតដោយស្នើឱ្យសមាជិកសភាអនុម័ត នោះថា “គ្មាននរណាម្នាក់នៅក្នុងសាលប្រជុំចង់ទៅពិនិត្យមើលម្តងទៀត ចំពោះសមាជិកសភាមួយចំនួនតូចដែលបានក្លាយទៅជាយាននៃអំពើហិង្សាប្រឆាំងនឹងពលរដ្ឋខ្លួនឯង ឈានទៅជាឃាតករដ៏ឃោរឃៅ និងរងរបួសធ្ងន់ធ្ងរនោះឡើយ”។ គណបក្ស Goden Dawn ជាប់ពាក់ព័ន្ធទៅនឹងឃាតកម្មលើតារាចម្រៀងរ៉េបប្រឆាំងនឹងហ្វាស៊ីសនិយម ១រូប និងការវាយប្រហារដោយហិង្សាស្រដៀងៗគ្នានេះមកលើគូប្រជែងនយោបាយ ជនអន្តោប្រវេសន៍ និងសកម្មជនឆ្វេងនិយម។ ប៉ុន្តែលោក Ilias Kasidiaris បានចេញសេចក្តីថ្លែងការណ៍មួយទាមទារឱ្យទម្លាក់ចោលបទចោទជាបន្ទាន់​ និងបានចោទប្រកាន់ថារដ្ឋាភិបាលក្រិកបានរៀបចំគម្រោងការទុច្ចរិតប្រឆាំងនឹងប្រជាធិបតេយ្យដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួនតែប៉ុណ្ណោះ។ ខណៈដែលគណបក្សឆ្វេងនិយមដែលជាគណប​ក្សប្រឆាំងក្នុងប្រទេសក្រិក គឺគណបក្ស Syriza បានចោទប្រកាន់ថា​ រដ្ឋាភិបាលបានប្រើប្រាស់  យុទ្ធវិធីដើម្បីយកឈ្នះអ្នកបោះឆ្នោតឱ្យគណបក្សស្តាំនិយមជ្រុល នៅមុនការបោះឆ្នោតថ្នាក់ជាតិមកដល់៕

                                                                                                  ព័ត៌មានសភាទ្វីបអឺរ៉ុប ១០-០២-២៣- ឈាវ សុផាត  ប្រែសម្រួលពី៖ https://www.ekathimerini.com/news/1204334/greece-bans-parties-with-convicted-leaders-from-running-in-elections/



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`