logo logo
banner1
ទំព័រដើម / ទ្វីបអឺរ៉ុប / ប្រទេស FRANCE / មើលលម្អិត
សមាជិកសភាបារាំង បោះឆ្នោតគាំទ្រផែនការថាមពលនុយក្លេអ៊ែរ ដោយសំឡេងភាគច្រើនលើសលប់
 

 រោងចក្រថាមពលនុយក្លេអ៊ែរនៅក្នុងប្រទេសបារាំង

សភានៃសាធារណរដ្ឋបារាំងបានបោះឆ្នោតដោយសំឡេងភាគច្រើនលើសលប់គាំទ្រផែនការរបស់ រដ្ឋាភិបាល​សម្រាប់ការវិនិយោគនុយក្លេអ៊ែរ។ ការបោះឆ្នោតនេះបានធ្វើឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីរដ្ឋាភិបាល​បារាំង​បានរួចផុតពីការបោះឆ្នោតដកសេចក្តីទុកចិត្តយ៉ាងប្រផិតប្រផើយពីសភា ពាក់ព័ន្ធនឹងផែនការកំណែ​ទម្រង់សោធននិវត្ត។ ជាមួយនឹងសំឡេងគាំទ្រ ៤០២ ទល់នឹង១៣០សំឡេង ផែនការបន្តនុយក្លេអ៊ែជាថ្មីត្រូវបានសភា​អនុម័តគាំទ្រ ធាតុផ្សំដ៏សំខាន់ នោះគឺការសាងសង់រេអាក់ទ័របន្ថែមចំនួន ៦ទៀត។ សមាជិកសភាចំនួន ២៧៨រូប បានគាំទ្រញត្តិមួយដែលស្នើឡើងដោយគណបក្សប្រឆាំងស្តីពីការដកសេចក្តីទុកចិត្តពីរដ្ឋា     ភិបាលកាលពីថ្ងៃចន្ទដើមសប្តាហ៍ គឺខ្វះតែ ៩សំឡេងប៉ុណ្ណោះ ដែលសំឡេងចាំបាច់គឺ ២៨៧សំឡេង ដើម្បីអាចទម្លាក់រដ្ឋាភិបាលចេញពីតំណែងបាន។ លោកស្រី Elisabeth Borne នាយករដ្ឋមន្រ្តីបារាំង​បាន​បង្ហោះសារក្នុងបណ្តាញសង្គម Twitter ថា “បន្ទាប់ពីព្រឹទ្ធសភាកាលពីខែមុន យប់នេះសភាជាន់ទាបបាន​បោះឆ្នោត​ក្នុងសំឡេងភាគច្រើនលើសលប់គាំទ្រផែនការថាមពលនុយក្លេអ៊ែរ...គោលបំណងនៃការសាងសង់ គឺដើម្បី ប្រយុទ្ធប្រឆាំងនឹងបម្រែបម្រួលអាកាសធាតុ និងធានាអធិបតេយ្យភាពថាមពលរបស់យើង”។ បន្ទាប់ពីរដ្ឋាភិបាលរបស់លោកស្ទើរតែដួលរលំ និងបង្ខំឱ្យលាលែងពីតំណែងពាក់ព័ន្ធនឹងផែនការ កំណែ​​ទម្រង់សោធននិវត្តនោះ លោកប្រធានាធិបតី Emmanuel Marcron ចង់ទទួលបានការគាំទ្រមកវិញ តាម​រយៈគំនិតផ្តួចផ្តើមកំណែទម្រង់ថ្មីមួយនេះ នៅក្នុងប៉ុន្មានសបា្តហ៍បន្ទាប់។ ថាមពលនុយក្លេអ៊ែរ ក៏ជា ផែនការ​មួយដែលគណបក្សនិយមកណ្តាលរបស់លោក Marcron បានព្រមព្រៀងគ្នាជាមួយគណបក្ស អភិរក្សទាំងពីរ គឺគណបក្ស Les Republicains និងគណបក្សស្តាំនិយមជ្រុល Rassemblement National។ លោកស្រី Agnes Pannier Runacher រដ្ឋមន្រ្តីក្រសួងថាមពលបានថ្លែងថា “គោលដៅរបស់យើង” គឺធ្វើ​យ៉ាង​ណាឱ្យបារាំងក្លាយជាប្រទេសមួយដែលគ្មានកាបូន និងអធិបតេយ្យភាពដ៏ចម្បងមួយ លោកស្រីថានេះគឺ​ជាគម្រោងដ៏មហិមាមុនគេ នៅក្នុងការចាប់ផ្តើមឡើងវិញក្នុងឧស្សាហកម្មនុយក្លេអ៊ែរ។ លោក Macron មានផែនការចាប់ផ្តើមសាងសង់រេអាក់ទ័រនុយក្លេអ៊ែជំនាន់ថ្មី EPR2 ក្នុងអាណត្តិទី២របស់លោក ខែឧសភា ឆ្នាំ២០២៧។ នេះគឺជាផ្នែកមួយនៃផែនការថវិកា៥២ពាន់លានអឺរូ ត្រូវជា ៥៦ពាន់លានដុល្លារ សម្រាប់សាងសង់រេអាក់ទ័រថ្មីបន្ថែម ចំនួន៦៕

                                                                                                  ព័ត៌មានសភាទ្វីបអឺរ៉ុប ២៤-០៣-២៣- ឈាវ សុផាត  ប្រែសម្រួលពី៖ https://www.eureporter.co/world/france-world/2023/03/23/french-parliament-votes-nuclear-plan-with-large-majority/



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`