logo logo
banner1
ទំព័រដើម / ទ្វីបអាហ្វ្រិក / ប្រទេស EQUATORIAL GUINEA / មើលលម្អិត
បេក្ខជនសមាជិកសភាអេក្វាទ័រម្នាក់ត្រូវបានគេធ្វើឃាត មុនការបោះឆ្នោតសកល
 

លោក Rider Sanchez ​ត្រូវ​បាន​ឃាតករបាញ់សម្លាប់​នៅក្នុងទី​ក្រុង Quininde

អាជ្ញាធរអេក្វាទ័របានរាយការណ៍ឱ្យដឹងថា បេក្ខជនសមាជិកសភានៃសាធារណរដ្ឋអេក្វាទ័រម្នាក់ត្រូវបាន គេធ្វើឃាតកាលពីព្រឹកថ្ងៃចន្ទ ទី១៧ ខែកក្កដា ឆ្នាំ២០២៣ នៅប៉ុន្មានសប្តាហ៍មុនការបោះឆ្នោតសកល​ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៣ ខាងមុខនេះ ។ លោក Rider Sanchez ដែល​កំពុង​ឈរ​ឈ្មោះ​សម្រាប់អាសនៈ​ក្នុង​រដ្ឋ​សភាអេក្វាទ័រ ​ត្រូវ​បាន​ឃាតករបាញ់​សម្លាប់​នៅក្នុងទី​ក្រុង Quininde ដែលស្ថិតនៅតំបន់​ឆ្នេរ​សមុទ្រ​ភាគ​ខាងជើង​នៃខេត្ត Esmerallas។ យោងតាម​ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានឱ្យដឹងថា លោក Sanchez ត្រូវបានគេបាញ់ជាច្រើនគ្រាប់ ហើយ បានស្លាប់ភ្លាមៗបន្ទាប់​ពី​បញ្ជូន​ទៅកាន់មន្ទីរពេទ្យ។ ​មន្រ្តីប៉ូលិសអេក្វាទ័របានឱ្យដឹងថា “ដោយសារមានការ វាយប្រហារឧក្រិដ្ឋកម្មទៅលើសមាកជិកសភាមណ្ឌលខេត្ត Esmeraldas នៅក្នុងទីក្រុង Quininde នៅភ្លាមៗ​ក្នុងថ្ងៃកើតហេតុ កម្លាំងអង្គភាពជំនាញរបស់យើងត្រូវបានដាក់ពង្រាយដើម្បី ស្វែងរកជនល្មើស”។ លោក Sanchez គឺជាបេក្ខជននៃសម្ព័ន្ធភាព Actuemos ដែលបង្កើតឡើងដោយគណបក្ស Avanza និងគណបក្ស SUMA ដែលគាំទ្រលោក Otto Sonnenholzner ជាបេក្ខភាពប្រធានាធិបតី។ លោក Sonnenholzner បានមាន​ប្រសាសន៍តាមរយៈបណ្តាញសង្គម Twitter ថា “អំពើហិង្សាពីមួយថ្ងៃទៅមួយថ្ងៃកាន់តែញាំញី​យើង។ យើងមានការភ្ញាក់ផ្អើលចំពោះឃាតកម្មលើលោក Rider Sanchez ដែលជាបេក្ខជនរបស់យើង​នៅក្នុងខេត្ត Esmeraldas”។ លោក​ Sonnenholzner បាន​មានប្រសាសន៍បន្ថែម​ថា “យើង​មាន​ការ​ប្ដេជ្ញា​ចិត្ត យើង​នឹង​បញ្ចប់​គ្រោះ​កាច​នេះ”។ សំដៅទៅលើរលកនៃអំពើហិង្សាដែលបានក្តោប ក្តាប់ប្រទេសអេក្វាទ័រក្នុង​រយៈពេល​ប៉ុន្មានខែថ្មីៗនេះ ដោយបង្កើតឱ្យមានការភ័យខ្លាចក្នុងចំណោមប្រជាជន។ ប្រទេសអេក្វាទ័រនឹងរៀបចំការបោះឆ្នោតមុនកាលកំណត់ បន្ទាប់ពីលោកប្រធានាធិបតី Guillermo Lasso បាន​ប្រកាសរំលាយសភាកាលពីខែឧសភា ចំពេលមានការ​ជំរុញ​ផ្នែកច្បាប់ដើម្បីចោទប្រកាន់​មកលើ​រូបលោក​។ ប្រជាជនអេក្វាទ័រប្រហែល ១៣.៤លាននាក់ នឹងមានសិទ្ធិចូលរួមបោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មី និងសមាជិករដ្ឋសភា​ចំនួន ១៣៧រូប ៕ http://ព័ត៌មានសភាទ្វីបអាមេរិក ១៩-០៧-២៣-ផាត់ ត្រដែត ប្រែសម្រួលពី៖ https://english.news.cn/northamerica/20230718/34869c8716184719a22e49beab71844c/c.html


អត្ថបទពាក់ព័ន្ធ៖

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`