logo logo
banner1
ទំព័រដើម / ទ្វីបអាស៊ី / ប្រទេស CHINA / មើលលម្អិត
គណៈប្រតិភូសមាជិកសភាបារាំងនឹងអញ្ជើញទៅបំពេញទស្សនកិច្ច នៅកោះតៃវ៉ាន់ នាសប្តាហ៍ក្រោយ
 

លោក Alain Rechard សមាជិកព្រឹទ្ធសភាបារាំង និងលោកស្រី Tsai Ing-wen ប្រធានាធិបតីកោះតៃវ៉ាន់

លោក Joseph Wu  រដ្ឋមន្រ្តីក្រសួងការបរទេសនៃសាធារណរដ្ឋចិន (កោះតៃវ៉ាន់) បានថ្លែងកាលពី ថ្ងៃចន្ទ ទី១០ ខែមេសា ឆ្នាំ២០២៣ថា គណៈប្រតិភូសមាជិកសភានៃ​សាធារណរដ្ឋបារាំងនឹងអញ្ជើញមក​បំពេញ​ទស្សនកិច្ចនៅកោះតៃវ៉ាន់ក្នុងពេលឆាប់ៗនេះ។ សារព័ត៌មាន Bloomberg បានស្រង់សម្តីរបស់លោក Wu  ថា ក្រុមសមាជិកសភា​បារាំងត្រូវបានគេរំពឹងថានឹងចុះចតនៅក្នុងទីក្រុងតៃប៉ិ នៅថ្ងៃអាទិត្យ ទី១៦ ខែមេសា ឆ្នាំ២០២៣។ ព្រឹទ្ធសភា និងរដ្ឋសភាបារាំងគឺជាអ្នកគាំទ្រកោះតៃវ៉ាន់យ៉ាងក្លៀវក្លា។ រដ្ឋាភិបាលតៃវ៉ាន់នឹង​“ពិនិត្យមើលជាមួយក្រុមសមាជិកសភាបារាំង ដើម្បីរកមើលថាតើ តៃវ៉ាន់ត្រូវការការគាំទ្របន្ថែម​ប្រភេទ​ណាទៀត”។ ដំណឹងនៃទស្សនកិច្ចរបស់គណៈប្រតិភូសភាបារាំងបានកើតមានឡើង នៅចំពេលនៃការរិះគន់ជាសកល​លើការអត្ថាធិប្បាយរបស់លោកប្រធានាធិបតីបារាំង Emmanuel Jean-Michel Frédéric Ma cron ដែលបានបង្ហាញពីភាពស្ទាក់ស្ទើរក្នុងការចូលពាក់ព័ន្ធនឹងជម្លោះនៅច្រកសមុទ្ទតៃវ៉ាន់។ ថ្លែងទៅកាន់​សារព័ត៌មាន Politico លោក Macron បានឱ្យដឹងថា “សំណួរដែលអឺរ៉ុបចាំបាច់ត្រូវតែឆ្លើយ...នោះគឺថាតើ​វាជា​ផល​ប្រយោជន៍របស់យើងក្នុងការពន្លឿនវិបត្តិស្តីពីតៃវ៉ាន់? ចម្លើយគឺទេ អ្វីដែល​អាក្រក់​បំផុតដែល​យើងត្រូវគិតនោះគឺថា អឺរ៉ុប ត្រូវតែក្លាយជាអ្នកតាមពីក្រោយប្រធានបទនេះ ហើយយើងគ្រាន់តែធ្វើតាម​របៀបវារៈរបស់សហរដ្ឋអាម៉េរិក និងការ​ប្រតិកម្ម​ជ្រុលហួសហេតុរបស់ចិនបានហើយ”។ លោក Macron បានថ្លែងបន្តថា “គ្រោះថ្នាក់ដ៏ធ្ងន់ធ្ងរបំផុត” ដែលអឺរ៉ុបកំពុងតែប្រឈមនោះគឺថា​ “យើងជាប់​ទាក់ទិនក្នុងវិបត្តិមួយដែលមិនមែនជារបស់យើង ដែលរារាំង​ដល់ការកសាងស្វ័យភាពជាយុទ្ធសាស្រ្តរបស់ ខ្លួន”។ ស្វ័យភាពជាយុទ្ធសាស្រ្តសម្រាប់អឺរ៉ុប និងសម្រាប់បារាំង ដើម្បីក្លាយជាមហាអំណាចទី៣។  គួរបញ្ជាក់ ផងដែរថា កាលពីថ្ងៃចន្ទ ទី១០ ខែមេសា ឆ្នាំ២០២៣  សម្ព័ន្ធភាពអន្តរសភាស្តីពីចិន (IPAC) បានសរសេរ​លិខិតមួយរិះគន់យ៉ាងចាស់ដៃលើលោក Macron ដែលមិនអើពើ​ចំពោះតៃវ៉ាន់​។ ការកត់សម្គាល់របស់លោក Ma cron ជាការមិនអើពើដល់តួនាទីរបស់តៃវ៉ាន់ក្នុងសេដ្ឋកិច្ចសកល និងធ្វើឱ្យអន្តរាយដល់ “ការប្តេជ្ញាចិត្ត​ជាច្រើនទសវត្សរ៍​មកហើយ របស់សហគមន៍អន្តរជាតិក្នុងការថែរក្សាសន្តិភាពនៅច្រកសមុទ្ទតៃវ៉ាន់”។ កាលពីសប្តាហ៍មុន លោក Macron បានបំពេញទស្សនកិច្ចផ្លូវរដ្ឋទៅកាន់សាធារណរដ្ឋប្រជាមានិតចិន ជាទី​ដែល​លោកបានជួបជាមួយលោក Xi Jinping មេដឹកនាំចិន។ មេដឹកនាំនៃប្រទេសទាំងពីរបានជជែក​ពិភាក្សាគ្នា ពីសង្រ្គាមនៅអ៊ុយក្រែន  និងពីកិច្ចការច្រកសមុទ្ទតៃវ៉ាន់  ក្នុងចំណោមប្រធានបទផ្សេងៗទៀត៕ http://ព័ត៌មានសភាទ្វីបអឺរ៉ុប ១២-០៤-២៣- ឈាវ សុផាត ប្រែសម្រួលពី៖ https://www.taiwannews.com.tw/en/news/4860485


អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`