logo logo
banner1
ទំព័រដើម / ទ្វីបអាស៊ី / ប្រទេស CHINA / មើលលម្អិត
ប្រធានសភាឆែក ដឹកនាំគណៈប្រតិភូដ៏ធំសម្បើមមួយក្រុម ទៅកសាងចំណងទាក់ទងសេដ្ឋកិច្ចជាមួយកោះតៃវ៉ាន់
 

លោកស្រី Markéta Pekarová Adamová ជួបពិភាក្សាការងារជាមួយលោកស្រី Tsai Ing-wen ប្រធានាធិបតីកោះតៃវ៉ាន់

ទីក្រុងតៃប៉ិ៖ សាធារណរដ្ឋឆែក កំពុងតែមានផែនការក្នុងការពង្រឹងចំណងទាក់ទងផ្នែកពាណិជ្ជកម្ម និង​សេដ្ឋកិច្ច​​​​ជាមួយកោះតៃវ៉ាន់។ នេះគឺជាប្រសាសន៍ចេញ​ពីមាត់របស់​លោកស្រី Markéta Pekarová Adamová ប្រធានសភាជាន់ទាបនៃសាធារណរដ្ឋឆែក  កាលពីថ្ងៃចន្ទ ទី២៧  ខែមីនា ឆ្នាំ២០២។ លោកស្រី Pekarová Adamová បានអញ្ជើញ​​​ដល់កោះតៃវ៉ាន់ កាលពីថ្ងៃសៅរ៍  ទី២៥ ខែមីនា អមដោយសមាជិក​គណៈប្រតិភូជាង ១៥០រូប។ លោកស្រី  Pekarová Adamová បានថ្លែងថា កោះតៃវ៉ាន់ និងសាធារណរដ្ឋឆែកគឺជាដៃគូនឹងគ្នា  ជាយូរលង់​មកហើយ មិនត្រឹមតែផ្នែកពាណិជ្ជកម្មនោះទេ ប៉ុន្តែក៏ជា​ដៃគូ​ប្រជាធិបតេយ្យផងដែរ។ គណៈប្រតិភូរបស់​លោកស្រី ក៏រួមមាន មន្រ្តីរដ្ឋាភិបាល បញ្ញវន្ត និងមេដឹកនាំធុរកិច្ចផងដែរ។ គណៈប្រតិភូសភាឆែកបាន​អញ្ជើញ​ដល់កោះតៃវ៉ាន់តែ ១ថ្ងៃប៉ុណ្ណោះ មុនពេលសាធារណរដ្ឋហុងឌូរ៉ាស់ បានប្រកាសកាត់ផ្តាច់ចំណងការ​ទូតរបស់ខ្លួនជាមួយកោះតៃវ៉ាន់ និងងាកទៅគាំទ្រសាធារណរដ្ឋប្រជាមានិតចិនវិញ។ លោកស្រី Wang Mei-hua រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចកោះតៃវ៉ាន់បានថ្លែងថា ការមកដល់របស់គណៈប្រតិភូសភាឆែក មិនពាក់ព័ន្ធគ្នា​នឹងការផ្តាច់ចំណងការទូតរបស់ហុងឌូរ៉ាស់នោះទេ ប៉ុន្តែលោកស្រីបានថ្លែងបន្ថែមថា ដំណើរទស្សនកិច្ចមួយ​នេះបានឆ្លុះបញ្ចាំងថា កោះតៃវ៉ាន់មានមិត្តភក្តិជាច្រើន ដែលត្រូវសហការជាមួយ។ លោកស្រី Wang ក៏បានថ្លែងផងដែរថា សង្រ្គាមពាណិជ្ជកម្មរវាងសហរដ្ឋអាម៉រិក និងចិនកំពុងតែ ធ្វើឱ្យខ្សែ​ច្រវ៉ាក់ផ្គត់ផ្គង់សកលមានការប្រែប្រួល ហើយកោះតៃវ៉ាន់មាន​ឆន្ទៈ​​ក្នុងការ​​​ធ្វើការងារជាមួយដៃគូ អឺរ៉ុប ដូចជា សាធារណរដ្ឋឆែកនេះជាដើម ដើម្បីបន្ធូរបន្ថយបញ្ហាពាណិជ្ជកម្ម។ លោកស្រី Wang បានថ្លែងបន្តថា ទីតាំង ការអភិវឌ្ឍ​ឧស្សាហកម្ម និងទេពកោសល្យដ៏ជំនាញរបស់សាធារណរដ្ឋឆែកបានធ្វើឱ្យឆែកក្លាយជា​ដៃគូដ៏​ល្អ​ឥតខ្ចោះរបស់កោះតៃវ៉ាន់។ លោកស្រីរដ្ឋមន្រ្តីរូបនេះបានថ្លែងបន្ថែមថា កោះតៃវ៉ាន់ក៏ផែនការក្នុងការបង្កើនការវិនិយោគក្នុងវិស័យ ដែល​សាធារណរដ្ឋឆែកផ្តល់តម្លៃខ្ពស់ ដូចជាវត្ថុពាក់កណ្តាល​សម្រេច (semiconductor) និងរថយន្តអគ្គិសនី​ជាដើម។ កោះតៃវ៉ាន់និងអនុវត្តន៍កម្មវិធីសិក្សា អាហារូបករណ៍ និងឱកាសនៃការអភិវឌ្ឍការស្រាវជ្រាវ ដើម្បីធ្វើឱ្យប្រទេស​ទាំងពីរ​អាចធ្វើការជាមួយគ្នាកាន់តែជិតស្និទ្ធជាងមុនថែមទៀត៕ http://ព័ត៌មានសភាទ្វីបអឺរ៉ុប ២៨-០៣-២៣- ឈាវ សុផាត ប្រែសម្រួលពី៖ https://en.rti.org.tw/news/view/id/2009212


អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`