គោលការណ៍នៃការស្រាវជ្រាវ
ការស្រាវជ្រាវ របស់នាយកដ្ឋាន ត្រូវគោរពតាមគោលការណ៍ប្រតិបត្តិដូចតទៅ៖
១-ភាពមិនលម្អៀង៖ សេវាស្រាវជ្រាវ បកប្រែ ព័ត៌មាន របស់នាយកដ្ឋាន ត្រូវបម្រើជូនដូចៗគ្នា ចំពោះគណៈកម្មការនានា សមាជិក សមាជិកាព្រឹទ្ធសភា និងអគ្គលេខាធិការដ្ឋាន។ ម្យ៉ាងទៀត ខ្លឹមសារ ឯកសារស្រាវជ្រាវ ក៏ត្រូវមានតុល្យភាពល្អ រវាងព័ត៌មានស្រប និងផ្ទុយ។ ពោលគឺត្រូវខិតខំប្រមូលព័ត៌មានពីប្រភពនានាមក ពីមជ្ឈដ្ឋានចម្រុះក្នុងពិភពលោក ដើម្បីធានាតុល្យភាពនៃព័ត៌មាន។
២-ភាពអាចជឿជាក់បាន៖ ឯកសារបកប្រែព័ត៌មានរបស់នាយកដ្ឋាន ត្រូវតែផ្តល់ព័ត៌មានដែលត្រឹមត្រូវ មានគុណភាពល្អ និងមានបច្ចុប្បន្នភាព។ ការជ្រើសរើសព័ត៌មានគឺជាកិច្ចការសំខាន់មួយក្នុងដំណើរការស្រាវជ្រាវរបស់នាយកដ្ឋាន។ បន្ទាប់ពីការជ្រើសរើសព័ត៌មានបានហើយ ការប្រើប្រាស់ព័ត៌មាននៅក្នុងឯកសារស្រាវជ្រាវក៏ត្រូវតែហ្មត់ចត់ មានបច្ចេកទេសត្រឹមត្រូវ និងមានបញ្ជាក់ប្រភពឲ្យបានច្បាស់លាស់ផងដែរ។
៣-ភាពសត្យានុម័ត៖ ឯកសារបកប្រែរបស់នាយកដ្ឋាន ត្រូវអនុលោមតាមតថភាព អំពីប្រធានបទ ពោលគឺត្រូវប្រើប្រាស់ព័ត៌មានពិត ដែលពាក់ព័ន្ធ នឹងប្រធានបទ និងចៀសវាងការដាក់បញ្ចូលនូវទស្សនៈ ឬការយល់ឃើញផ្ទាល់របស់អ្នកស្រាវជ្រាវ ដោយពុំមានសំអាង ឬឯកសារយោងត្រឹមត្រូវ។
៤-ភាពងាយយល់ និងពិស្តារ៖ ឯកសារស្រាវជ្រាវ បកប្រែ របស់នាយកដ្ឋានត្រូវប្រើពាក្យពេចន៍ងាយយល់បំផុត ដោយខិតខំចៀសវាងពាក្យបច្ចេក ទេសស៊ីជម្រៅ និងខិតខំសម្រាយខ្លឹមសារបច្ចេកទេសមកជាខ្លឹមសារដែលងាយយល់សេចក្តីបានធម្មតា។ ម្យ៉ាងទៀត ប្រយោគ ឬឃ្លា ក្នុងឯសារស្រាវជ្រាវ បកប្រែព័ត៌មាន ត្រូវតែមានន័យសេចក្តីពិស្តារគ្រប់គ្រាន់ និងច្បាស់លាស់ ចៀសវាងការរៀបរាប់មិនអស់សេចក្តី ។
៥-ភាពឯកជន៖ ឯកសារស្រាវជ្រាវ បកប្រែ របស់នាយកដ្ឋានត្រូវគោរពលក្ខណ៍ការណ៍ និងរក្សាភាពសម្ងាត់របស់អតិថិជន ៖ គណៈកម្មការនានា សមាជិក សមាជិកាព្រឹទ្ធសភា និងអគ្គលេខាធិការដ្ឋាន។ រាល់ការផ្សព្វផ្សាយអាចធ្វើបាននៅក្រោយពេលអតិថិជនបានប្រើប្រាស់ឯកសារស្រាវជ្រាវតាមគោល បំណងដែលត្រូវការរួចរាល់។